ព្រះត្រៃបិដក ភាគ ០៧
នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធបន្ទាប់អំពីមរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្សទី៥ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្សនៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឧបាសកទាំងឡាយ នៅក្នុងបាដលិគ្រាមឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយបញ្ជូនទៅដោយព្រះពុទ្ធដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លងទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាលដ៏គួរ នឹងត្រឡប់ទៅវិញក្នុងកាលឥឡូវនេះចុះ។ ឧបាសកទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែលឧបាសកទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះអង្គក៏ទ្រង់យាងចូលទៅកាន់សុញ្ញាគារដ្ឋាន (គឺផ្ទះស្ងាត់)។
ID: 636830103436323790
ទៅកាន់ទំព័រ៖