ព្រះត្រៃបិដក ភាគ ០៧
ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គលទាំងឡាយ ដែលមានទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាងទីប្រជុំព្រះអរិយបុគ្គល និងផ្លូវជំនួញអម្បាលនោះ ម្យ៉ាងទៀត ជាកន្លែងបែកធ្លាយ ឬរបូតបង្វេចទ្រព្យ ម្នាលអានន្ទ ក្រុងបាដលិបុត្រមុខជានឹងមានសេចក្តីអន្តរាយ៣យ៉ាង គឺអន្តរាយអំពីភ្លើង១ អន្តរាយអំពីទឹក១ អន្តរាយអំពីហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។
[១២០] គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរជាទីរីករាយ និងពាក្យគួរជាទីរលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ទើបឋិតនៅក្នុងទីសមគួរ។ លុះមហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះនឹងព្រះដ៏មានព្រះភាគថា សូមព្រះគោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំព្រះអង្គទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ។
ID: 636830104316604140
ទៅកាន់ទំព័រ៖