ព្រះត្រៃបិដក ភាគ ០៧
ដ៏សមគួរ ក្នុងការឲ្យទាននេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគ ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់បីដង សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭក ដោយជីវិត តាំងអំពីនេះទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់សីហសេនាបតិ គឺសំដែងនូវទានកថា សីលកថា សគ្គកថា ទោសរបស់កាមទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្សក្នុងការចេញបួស។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សីហសេនាបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សំដែងនូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយតែងលើកឡើងសំដែងដោយព្រះអង្គឯង គឺ (សំដែង) ទុក្ខ សមុទយ និរោធ មគ្គ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ ដោយវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយនោះឯងថា ធម្មជាតណាមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ក៏មានឧបមេយ្យដូច្នោះឯង។ គ្រានោះ
ID: 636830112214855894
ទៅកាន់ទំព័រ៖