ព្រះត្រៃបិដក ភាគ ០៧
គ្រានោះ សីហសេនាបតិ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយដ៏ផ្ចិតផ្ចង់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយជាស្រេច ដាក់ព្រះហស្ថអំពីបាត្រ ទើបអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់សីហសេនាបតិ ដែលអង្គុយហើយក្នុងទីសមគួរ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ យាងចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់ (បញ្ញត្ត) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងថា សាច់គេធ្វើចំពោះ (ខ្លួន) កុំគប្បីបរិភោគ ភិក្ខុណាបរិភោគ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រីនិងសាច់ ដែលបរិសុទ្ធដោយបំផុត៣យ៉ាង គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស។
[១២៩] សម័យនោះឯង ក្រុងវេសាលីមានបាយបរិបូណ៌ មានសន្ទូងល្អ មានបិណ្ឌបាតបានស្រួល ងាយនឹងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន ដោយការស្វែងរក និងការព្យាយាម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទើបទ្រង់ត្រិះរិះដោយព្រះទ័យយ៉ាងនេះថា ខាទនីយភោជនីយៈទាំងឡាយណា ដែលតថាគតបានអនុញ្ញាតហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលដែលស្រុកមានអំណត់
ID: 636830113053983889
ទៅកាន់ទំព័រ៖