ព្រះត្រៃបិដក ភាគ ០៧
ឯអនុបុព្វីកថានោះ គឺ ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសរបស់កាមទាំងឡាយ ដ៏ថោកទាប ដ៏សៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម។ កាលណាបើព្រះដ៏មានព្រះភាគបានជ្រាបថា ជនទាំងអស់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តរីករាយឡើង និងមានចិត្តជ្រះថ្លាហើយ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងដោយព្រះអង្គឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ សេចក្តីរំលត់ទុក្ខ និងបដិបទា ជាផ្លូវទៅកាន់ទីរំលត់ទុក្ខ ក្នុងកាលនោះ។ សំពត់សស្អាត ប្រាសចាកមន្ទិលខ្មៅ គួរទទួលទឹកជ្រលក់ដោយស្រួលបាន យ៉ាងណាមិញ ពួកជនទាំងនោះ កើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល លើអាសនៈនោះឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមានកិរិយាកើតឡើងជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់ទៅជាធម្មតា ក៏មានឧបមេយ្យដូច្នោះឯង ជនទាំងនោះ បានឃើញធម៌ បានលុះធម៌ បានដឹងធម៌ច្បាស់ ឈមចុះមុតមាំក្នុងធម៌ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនាព្រះសាស្តា ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបន្ទូលរបស់ព្រះអង្គពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន
ID: 636830118407310082
ទៅកាន់ទំព័រ៖