ព្រះត្រៃបិដក ភាគ ០៧
អស់វារៈជាគំរប់បីដងផងថា បពិត្រព្រះគោតមដ៏ចំរើន ទុកជាភិក្ខុសង្ឃច្រើន ចំនួន១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លាខ្លាំង ក្នុងពា្រហ្មណ៍ទាំងឡាយក្តី ក៏សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិលដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកបានទាំងឡាយ៨យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែចន្ទន៍ ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាំង
(១) ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកផ្លែឈើគ្រប់យ៉ាង លើកលែងតែផ្លែស្រូវ
(២) ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកស្លឹកឈើគ្រប់យ៉ាង លើកលែងតែទឹកបន្លែដែលឆ្អិនហើយ
(១) អដ្ឋកថា ថា ទឹកអដ្ឋបានទាំងនេះ ជារបស់ត្រជាក់ក្តី ឆ្អិនដោយកំដៅថ្ងៃក្តី ក៏គួរ បើចំអិនដោយភ្លើង មិនគួរ។ (២) បានដល់ស្រូវ៧ប្រការ។
ID: 636830121386540484
ទៅកាន់ទំព័រ៖