ព្រះត្រៃបិដក ភាគ ០៧
មានចិត្តរីករាយ មានចិត្តជ្រះថ្លាហើយ ព្រះអង្គ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ ធម៌ជាគ្រឿងរំលត់ទុក្ខ និងសេចក្តីប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ ក្នុងកាលនោះ។ ធម្មតា សំពត់ស្អាត ប្រាសចាកមន្ទិលខ្មៅ គួរទទួលទឹកជ្រលក់ ដោយស្រួលបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់រោជមល្លក្សត្រ លើអាសនៈនោះឯង (ហើយពិចារណាឃើញ) ថា របស់ណាមួយ មានសេចក្តីកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានសេចក្តីរលត់ទៅ ជាធម្មតា ដូច្នោះឯង។ លំដាប់នោះ រោជមល្លក្សត្រ បានឃើញធម៌ បានលុះធម៌ បានដឹងធម៌ច្បាស់ ឈមចុះមុតមាំ ក្នុងធម៌ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមឱកាស លោកម្ចាស់ទាំងឡាយ គួរទទួលចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ ជាបច្ច័យ ដល់មនុស្សមានជម្ងឺ របស់ខ្ញុំព្រះអង្គតែម្យ៉ាង កុំទទួលរបស់ពួកបុគ្គលដទៃ។ ព្រះមានព្រះភាគ មានព្រះបន្ទូលថា នែរោជៈ ពួកជនណាមួយ ឃើញធម៌ ដោយញាណជាសេក្ខៈ ដោយទស្សនៈ ជាសេក្ខៈ ដូចជាធម៌ ដែលអ្នកបាន
ID: 636830123440487963
ទៅកាន់ទំព័រ៖