ព្រះត្រៃបិដក ភាគ ០៧
ឃើញហើយ ជនទាំងនោះ តែងមានគំនិតយ៉ាងនេះថា ឱហ្ន៎ លោកម្ចាស់ទាំងឡាយ គប្បីទទួលចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ ជាបច្ច័យ ដល់អ្នកមានជម្ងឺ របស់យើងទាំងឡាយតែម្យ៉ាង កុំទទួលរបស់ជនទាំងឡាយដទៃឡើយ នែរោជៈ បើដូច្នោះ ភិក្ខុទាំងឡាយ នឹងទទួលរបស់អ្នកខ្លះ របស់ពួកជនឯទៀតខ្លះ។ ក៏សម៏យនោះឯង ក្នុងក្រុងកុសិនារា ពួកជនបានតាក់តែងលំដាប់ភត្តដ៏ឧត្តម។ គ្រានោះឯង រោជមល្លក្សត្រ កាលមិនបានលំដាប់ភត្ត (ដាក់វេនភត្ត) ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញត្រួតមើលរោងភត្ត វត្ថុណាមិនមានក្នុងរោងភត្ត គួរអញតាក់តែងវត្ថុនោះ។ កាលរោជមល្លក្សត្រ ត្រួតមើលរោងភត្ត មិនបានឃើញវត្ថុពីរយ៉ាង គឺអន្លក់១ ខាទនីយៈធ្វើដោយម្សៅ១។ លំដាប់នោះ រោជមល្លក្សត្រ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំមិនបានលំដាប់ភត្ត ក្នុងក្រុងកុសិនារានេះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុងរោងភត្ត គួរអាត្មាអញ តាក់តែងវត្ថុនោះឡើង បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំនោះ ត្រួតមើលរោងភត្ត មិនបានឃើញវត្ថុពីរមុខ គឺអន្លក់១
ID: 636830123681891771
ទៅកាន់ទំព័រ៖