ព្រះត្រៃបិដក ភាគ ០៧
ខាទនីយៈធ្វើដោយម្សៅ១ បពិត្រព្រះអានន្ទដ៏ចំរើន បើខ្ញុំនឹងតាក់តែងអន្លក់ផង ខាទនីយៈធ្វើដោយម្សៅផង តើព្រះមានព្រះភាគ នឹងទទួលរបស់ខ្ញុំឬទេ។ ព្រះអានន្ទតបថា នែរោជៈ បើដូច្នោះ ចាំអាត្មានឹងយកសេចក្តី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគសិន។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់មានបន្ទូលថា នែអានន្ទ បើដូច្នោះ ចូរឲ្យរោជមល្លក្សត្រតាក់តែងចុះ។ ព្រះអានន្ទដ៏មានអាយុ ប្រាប់ថា នែរោជៈ បើដូច្នោះ ចូរអ្នកតាក់តែងចុះ។ លុះកន្លងរាត្រីនោះទៅ ទើបរោជមល្លក្សត្រ ឲ្យគេតាក់តែងអន្លក់ និងខាទនីយៈធ្វើដោយម្យៅដ៏ច្រើន ហើយបង្អោនថ្វាយ ដល់ព្រះមានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលអន្លក់ និងខាទនីយៈ ធ្វើដោយម្យៅរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់មានបន្ទូលថា នែរោជៈ បើដូច្នោះ ចូរអ្នកប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស ក៏មិនហ៊ានទទួល (វត្ថុទាំងនោះ)។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ទទួលឆាន់ចុះ។ ទើបរោជមល្លក្សត្រ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយអន្លក់ និងខាទនីយៈ ធ្វើពីម្យៅ ដោយដៃខ្លួនឯង លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ
ID: 636830123932176086
ទៅកាន់ទំព័រ៖