ព្រះត្រៃបិដក ភាគ ០៧

ឲ្យ​ចាត់ចែង​បបរ​ជាច្រើន​ ​ហើយ​បង្អោន​ថ្វាយ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទទួល​បបរ​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ហើយ​ ​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​ហើយ​ ​មិន​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​កាលគួរ​ហើយ​ ​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​កាលគួរ​ហើយ​ ​មិន​សួរ​ក៏​មាន​ ​ព្រះ​តថាគត​ទាំងឡាយ​ ​សួរ​តែ​ហេតុ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​មិន​សួរ​ហេតុ​ដែល​មិន​ប្រកបដោយ​ប្រយោជន៍​ឡើយ​ ​ព្រោះ​ហេតុ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ព្រះ​តថាគត​ទាំងឡាយ​ ​សម្លាប់​បង់​ហើយដោយ​អរិយមគ្គ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ ​ទ្រង់​សួរ​ពួក​ភិក្ខុ​ដោយហេតុ​ពីរ​ប្រការ​ ​គឺ​ទ្រង់​សួរ​ដើម្បីនឹង​សំដែងធម៌១​ ​ដើម្បីនឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ព្រះបន្ទូល​នេះ​ ​នឹង​ភិក្ខុ​បួស​ឯ​ចាស់​នោះ​ថា​ ​នែ​ភិក្ខុ​ ​បបរ​នេះ​ ​អ្នកឯង​បាន​មក​ពីណា​។​ ​ទើប​ភិក្ខុ​បួស​ឯ​ចាស់​នោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិន​សមគួរ​ ​មិនទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​នែ​មោឃបុរស​ ​អ្នកឯង​ជា​អ្នកបួស​ ​មិនសមបើ​នឹង​បបួល​ ​(​គេ​ឲ្យ​ធ្វើ​)​ ​ក្នុង​ការ​មិន​គួរ​សោះ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636830125534617741
ទៅកាន់ទំព័រ៖