ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុនីទាំងនោះ ជាមិត្តរបស់អាត្មាអញដោយពិត អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់ទាំងនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុនីទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យរបស់អាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្តរបស់អាត្មាអញពិតមែន ប៉ុន្តែថា ភិក្ខុនីទាំងឡាយណា ដែលជាមិត្តរបស់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងឡាយនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មាអញនិយាយទៅហើយ នឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុនីទាំងនោះ មុខជានឹងធ្វើតាម មុខជាប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។
ID: 636829973343922931
ទៅកាន់ទំព័រ៖