ព្រះត្រៃបិដក ភាគ ០៧
[១៣] សម័យនោះឯង ភិក្ខុ១រូបមានសេចក្តីប្រាថ្នាដើម្បីចូលវស្សាក្នុងលំនៅរបស់គង្វាលគោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ក្នុងលំនៅរបស់គង្វាលគោបាន។ ឯលំនៅរបស់គង្វាលគោក៏រើចេញទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ លំនៅគង្វាលគោទៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទៅក្នុងទីនោះបាន។ សម័យនោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សាកាន់តែជិតហើយ ក៏ប្រាថ្នាដើម្បីទៅដោយពួកឈ្មួញរទេះ
(១)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សាក្នុងពួកឈ្មួញរទេះបាន។ សម័យនោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សាកាន់តែជិតហើយ ក៏ប្រាថ្នាដើម្បីទៅដោយទូក។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សាក្នុងទូកបាន។
(១) ក្នុងដីកាថា ប្រជុំជន។
ID: 636829973772087420
ទៅកាន់ទំព័រ៖