ព្រះត្រៃបិដក ភាគ ០៧
កុលបុត្ត ក្នុងកណ្តាលវស្សាសោះ ឯភិក្ខុមិនត្រូវប្រព្រឹត្តធម៌មានកំណត់កាលដូច្នោះទេ។ កាលនាងវិសាខា ជាមាតាមិគារសេដ្ឋី កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកតិកាបែបនេះថា ភិក្ខុមិនត្រូវបំបួសកុលបុត្តក្នុងកណ្តាលវស្សាទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១៧] សម័យនោះឯង ឧបនន្ទ ជាសក្យបុត្តដ៏មានអាយុ បានទទួលប្តេជ្ញាស្តេចបសេនទិកោសលថា នឹងនៅចាំវស្សាដោយបុរិមិកាវស្សា។ ឧបនន្ទនោះកាលដើរទៅកាន់អាវាសនោះ ក៏បានឃើញអាវាសពីរ ក្នុងពាក់កណ្តាលផ្លូវ ជាអាវាសមានចីវរច្រើន។ ឧបនន្ទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញនៅចាំវស្សាក្នុងអាវាសទាំងពីរនេះចុះ ចីវរមុខជានឹងកើតដល់អាត្មាអញជាច្រើន ដោយអាការយ៉ាងនេះ។ ឧបនន្ទនោះ ក៏បាននៅចាំវស្សាក្នុងអាវាសទាំងពីរនោះ។ ស្តេចបសេនទិកោសល ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ឧបនន្ទ ជាសក្យបុត្ត បានទទួលប្តេជ្ញាថា អញនៅចាំវស្សាហើយ មិនសមបើនឹងធ្វើឲ្យខុសពាក្យប្តេជ្ញាទៅវិញសោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលមុសាវាទ
ID: 636829988154680058
ទៅកាន់ទំព័រ៖