ព្រះត្រៃបិដក ភាគ ០៧
ចាកពាក្យមុសាវាទ ដោយអនេកបរិយាយ ម្នាលមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះកំពុងតែដើរទៅកាន់អាវាសនោះ ក៏បានឃើញអាវាសពីរក្នុងពាក់កណ្តាលផ្លូវ ជាអាវាសមានចីវរច្រើន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញនឹងនៅចាំវស្សាក្នុងអាវាសទាំងពីរនេះចុះ ចីវរមុខជានឹងកើតដល់អាត្មាអញជាច្រើន ដោយអាការយ៉ាងនេះ។ ភិក្ខុនោះ ក៏នៅចាំវស្សាក្នុងអាវាសទាំងពីរនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សារបស់ភិក្ខុនោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថានៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសដខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅវិហារ ក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះឥតមានកិច្ចនឹងត្រូវធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាលភិក្ខុទាំងឡាយ
ID: 636829988708991762
ទៅកាន់ទំព័រ៖