ព្រះត្រៃបិដក ភាគ ០៧

ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អាចារ្យ​(​ក្តី​)​ ​ភិក្ខុ​ល្មម​ធ្វើជា​អាចារ្យ​(​ក្តី​)​ ​ឧបជ្ឈាយ៍​(​ក្តី​)​ ​ភិក្ខុ​ល្មម​ធ្វើជា​ឧបជ្ឈាយ៍​(​ក្តី​)​ ​មិនបាន​ពាក់​ស្បែកជើង​ដើរ​ចង្ក្រម​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​ ​ហើយ​ដើរ​ចង្ក្រម​ទេ​ ​ភិក្ខុ​ណា​ដើរ​ចង្ក្រម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​ខាងក្នុង​វត្ត​ទេ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៧​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កើតរោគ​ដំបៅ​លេច​នៅ​បាតជើង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​គ្រាហ៍​យក​ភិក្ខុ​នោះ​ទៅ​ឲ្យ​បន្ទោបង់​ឧច្ចារៈ​ផង​ ​បស្សាវៈ​ផង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​សេនាសន​ចារិក​ ​ក៏បាន​ទត​ទៅ​ឃើញ​ភិក្ខុ​ទាំងនោះ​ ​កំពុង​គ្រាហ៍​យក​ភិក្ខុ​នោះ​ទៅ​ឲ្យ​បន្ទោបង់​ឧច្ចារៈ​ផង​ ​បស្សាវៈ​ផង​ ​លុះ​ឃើញ​ហើយ​ ​ក៏​ទ្រង់​យាង​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ទើប​ទ្រង់​មាន​បន្ទូល​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​កើតរោគ​អ្វី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​កើតរោគ​ដំបៅ​លេច​នៅ​បាតជើង​ ​ពួក​ខ្ញុំ​ព្រះអង្គ​ក៏​គ្រាហ៍​យក​លោក​ដ៏​មាន​អាយុ​នេះ​មក​ឲ្យ​បន្ទោបង់​ឧច្ចារៈ​ផង​ ​បស្សាវៈ​ផង​។​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636830037993780691
ទៅកាន់ទំព័រ៖