ព្រះត្រៃបិដក ភាគ ០៧
[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅដោយយានដែលគេទឹមដោយគោញី មានបុរសជាអ្នកបរក៏មាន ទឹមដោយគោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជនដែលទៅលេងទឹកស្ទឹងគង្គា និងស្ទឹងមហី។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់ព្រះដ៏មានព្រះភាគ ដល់ពាក់កណ្តាលផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេចចុះចេញអំពីផ្លូវ ទៅអង្គុយនៅក្រោមដើមឈើ១។ មនុស្សទាំងឡាយក្រឡេកឃើញភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងនិមន្តទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះអាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកឡើងជិះយានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ
ID: 636830041358613148
ទៅកាន់ទំព័រ៖