ព្រះត្រៃបិដក ភាគ ០៧
[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះមានព្រះភាគ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ អ្នកបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់ នូវស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ស្បែកសត្វដ៏ធំទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកគោទាំងឡាយវិញ។ ស្បែកគោទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។
ID: 636830043028978688
ទៅកាន់ទំព័រ៖