ព្រះត្រៃបិដក ភាគ ០៧

មិន​តែប៉ុណ្ណោះ​ ​មាន​ភិក្ខុ​បាប​មួយ​រូប​ ​ជា​ជីតុន​ ​របស់​ឧបាសក​បាប​ម្នាក់​។​ ​វេលា​នោះ​ ​ភិក្ខុ​បាប​នោះ​ ​លុះ​វេលា​ព្រឹកព្រហាម​ ​ក៏​ស្លៀក​ស្បង់​ ​ហើយ​កាន់​យក​បាត្រ​និង​ចីវរ​ ​ហើយ​ចូល​ទៅកាន់​ផ្ទះ​ ​របស់​ឧបាសក​បាប​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​នៅ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លំដាប់នោះ​ ​ឧបាសក​បាប​នោះ​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​បាប​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ភិក្ខុ​បាប​នោះ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​គ្រានោះ​ឯង​ ​ឧបាសក​បាប​នោះ​ ​មានកូន​គោ១​ ​មាន​រូបល្អ​ ​គួរ​នឹង​រមឹល​មើល​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដ៏​វិចិត្រ​ ​ប្រហែល​នឹង​កូន​ខ្លាដំបង​។​ ​វេលា​នោះ​ ​ភិក្ខុ​បាប​នោះ​ ​ក៏​សំឡឹង​មើលទៅ​កូនគោ​នោះ​មិន​ដាក់ភ្នែក​សោះ​។​ ​លំដាប់នោះ​ ​ឧបាសក​បាប​នោះ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​បាប​នោះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ហេតុអ្វី​ ​បាន​ជា​លោកម្ចាស់​ ​សំឡឹង​មើលកូន​គោ​នេះ​មិន​ដាក់ភ្នែក​សោះ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​ដ្បិត​អាត្មា​ត្រូវការ​ស្បែក​កូនគោ​នេះ​។​ ​ខណៈនោះ​ ​ឧបាសក​បាប​នោះ​ ​ក៏​សម្លាប់​កូនគោ​នោះ​ ​ហើយ​ពន្លះ​យក​ស្បែក​ ​ប្រគេន​ទៅ​ភិក្ខុ​បាប​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​បាប​នោះ​ ​ក៏​លាក់​ស្បែក​នោះ​ ​ក្នុង​សង្ឃាដិ​ ​ហើយក៏​ដើរទៅ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636830043311204830
ទៅកាន់ទំព័រ៖