ព្រះត្រៃបិដក ភាគ ០៧
ឥឡូវនេះ ហេតុដូចម្តេច បានជាពួកភិក្ខុរឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ សូម្បីភោជនដ៏ស្និទ្ធ ក៏មិនត្រូវមាត់របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់និយាយឡើយ ដល់ភោជនប្រក្រតី ដែលជាវត្ថុសៅហ្មង ដោយអាពាធ (ប្រមាត់) ដែលកើតឡើង ក្នុងសរទកាលនោះផង ដោយភត្ត ដែលមិនរលួយនេះផង ភិក្ខុទាំងនោះ ក៏រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ព្រោះហេតុទាំងពីរនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ឆាន់ក្នុងកាលគួរក៏បាន ក្នុងកាលមិនគួរក៏បាន
(១)។
[៧៥] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ ត្រូវការដោយខ្លាញ់ជាថ្នាំ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លាញ់ ជាភេសជ្ជៈ គឺខ្លាញ់
(១)កាលគួរ គឺតាំងពីអរុណរះ ទៅទល់ថ្ងៃត្រង់ ឯកាលមិនគួរនោះ តាំងពីថ្ងៃជ្រេពីត្រង់ ទៅទល់នឹងអរុណរះ។
ID: 636830053185289596
ទៅកាន់ទំព័រ៖