ព្រះត្រៃបិដក ភាគ ០៧
ដោយគូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏ធ្លាក់ទៅលើផែនដី ចង្កឹះក្លាក់នោះក៏អាក្រក់ មិនស្អាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត បំពង់សម្រាប់ដាក់ចង្កឹះ។ សម័យនោះឯង ពួកភិក្ខុរក្សាក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្លះ ចង្កឹះក្លាក់ខ្លះនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ថង់សម្រាប់ដាក់ក្លាក់។ ខ្សែយោគរបស់ថង់នោះ ក៏មិនទាន់មាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតនូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ កើតជម្ងឺក្តៅក្បាល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ប្រេងសម្រាប់លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅតែអត់ទ្រាំរោគនោះមិនបាន។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាមច្រមុះ)។ ឯថ្នាំសម្រាប់ហិត ឬបញ្ច្រក ទៅតាមច្រមុះ ក៏កំពប់ខ្ចាយទៅ។
ID: 636830056799586322
ទៅកាន់ទំព័រ៖