ព្រះត្រៃបិដក ភាគ ០៧
[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់ទៀបក្រុងសាវត្ថី គួរតាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិកក្រុងរាជគ្រឹះ។ ព្រះកង្ខារេវតដ៏មានអាយុ បានដើរចូលទៅកាន់កន្លែងធ្វើស្ករអំពៅ ក្នុងពាក់កណ្តាលផ្លូវ ហើយបានឃើញពួកជនកំពុងដាក់ម្សៅខ្លះ ផេះខ្លះ លាយក្នុងស្ករអំពៅ លុះឃើញហើយ ក៏មានសេចក្តីរង្កៀសថា ស្ករអំពៅលាយដោយអាមិសៈ ជាអកប្បិយៈ ប្រហែលជាស្ករអំពៅ មិនគួរភិក្ខុនឹងឆាន់ក្នុងវេលាវិកាលទេដឹង (កាលរង្កៀសដូច្នេះហើយ) ព្រមទាំងបរិសទ្យ ក៏មិនហ៊ានឆាន់ដុំស្ករអំពៅឡើយ។ ពួកភិក្ខុណាសំគាល់ពាក្យព្រះរេវតនោះ ថាជាពាក្យគួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ានឆាន់ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បានក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកជនដាក់ម្សៅខ្លះ ផេះខ្លះ លាយក្នុងស្ករអំពៅដើម្បីប្រយោជន៍អ្វី។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ឲ្យស្អិត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើគេដាក់ម្សៅខ្លះ ផេះខ្លះលាយក្នុងស្ករអំពៅ គ្រាន់តែឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅនោះ នៅរាប់ថាជាស្ករអំពៅដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ស្ករអំពៅ(នោះ) បានតាមសប្បាយ។ ព្រះកង្ខារេវត
ID: 636830083707505367
ទៅកាន់ទំព័រ៖