ព្រះត្រៃបិដក ភាគ ០៧
ភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ អង្គុយនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏អាត្មាអញបានដោយកម្រ មិនមែនអាត្មាអញបានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នានឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោកទាំងឡាយ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើនហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល
ID: 636830098879833174
ទៅកាន់ទំព័រ៖