ព្រះត្រៃបិដក ភាគ ០៧
[១១៣] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអន្ធកវិន្ទប្រទេស តាមសមគួរដល់ព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃច្រើន ប្រមាណ១២៥០រូប។ សម័យនោះឯង បុរសឈ្មោះវេលដ្ឋកច្ចាន បានផ្ទុកសុទ្ធតែក្អមស្ករអំពៅ ពេញរទេះទាំង៥០០ហើយ ក៏ចេញចាកក្រុងរាជគ្រឹះ ទៅតាមផ្លូវឆ្ងាយ ចំពោះអន្ធកវិន្ទប្រទេស។ ព្រះដ៏មានព្រះភាគ បានទតឃើញវេលដ្ឋកច្ចានដើរមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់យាងចៀសអំពីផ្លូវ ទៅគង់ក្រោមម្លប់ឈើមួយ។ លំដាប់នោះ វេលដ្ឋកច្ចាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់ប្រគេនស្ករអំពៅមួយក្អមៗ ដល់ភិក្ខុមួយរូបៗ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯងទៅយកស្ករអំពៅតែមួយក្អមមកមើលសិន។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយយកស្ករអំពៅមួយក្អម ដើរចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន
ID: 636830099658327701
ទៅកាន់ទំព័រ៖