ព្រះត្រៃបិដក ភាគ ០៧
ប្រដាប់ដោយបាត្រ និងចីវរ យាងទៅកាន់រោងសំណាក់ជាមួយនឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់លាងព្រះបាទទាំងគូហើយ ក៏យាងចូលទៅកាន់រោងសំណាក់ ទ្រង់គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ពួកភិក្ខុក៏បានលាងជើង ហើយចូលទៅកាន់រោងសំណាក់ដែរ ហើយអង្គុយផ្ទាប់នឹងជញ្ជាំងទិសខាងលិច បែរមុខទៅទិសខាងកើត ឈមមុខត្រង់ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម ក៏បានលាងជើង ហើយនាំគ្នាចូលទៅកាន់រោងសំណាក់ ហើយអង្គុយផ្ទាប់នឹងជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច ឈមមុខត្រង់ទៅរកព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។
[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃបុគ្គលទ្រុស្តសីល
(១) ឬវិបត្តិចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល ក្នុងលោកនេះ តែងបាននូវសេចក្តីវិនាសនៃសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាថ។ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត
(១) ក្នុងតតិយសារត្ថទីបនីដីកាតតិយសមន្ត អធិប្បាយពីរយ៉ាង គឺបុគ្គលមិនបានសមាទានសីល ឬសមាទានសីលហើយធ្វើសីលឲ្យដាច់ទៅវិញ។
ID: 636830102152330350
ទៅកាន់ទំព័រ៖