ព្រះត្រៃបិដក ភាគ ០៧
សីហសេនាបតិ បានឃើញធម៌ហើយ បានដល់ធម៌ហើយ បានត្រាស់ដឹងធម៌ហើយ ឈមចុះកាន់ធម៌ស៊ប់ហើយ កន្លងផុតសេចក្តីសង្ស័យហើយ កាត់បង់នូវសេចក្តីងឿងឆ្ងល់ ជាអ្នកដល់នូវសេចក្តីក្លាហាន លែងជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ គ្រានោះ សីហសេនាបតិ ដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ ទើបសីហសេនាបតិ បង្គាប់បុរសម្នាក់ថា នែនាយ អ្នកឯងចូរទៅរកសាច់សត្វស្លាប់ស្រាប់មក។ លុះកន្លងរាត្រីយប់នោះហើយ ទើបសីហសេនាបតិ តាក់តែងខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ហើយចាត់បម្រើឲ្យទៅក្រាបទូលនូវភត្តកាល ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (កាលនេះ) ជាកាលសមគួរហើយ ភត្តក៏សម្រេចហើយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រចីវរ យាងទៅកាន់ផ្ទះសីហសេនាបតិ លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ព្រមទាំងភិក្ខុសង្ឃ។ សម័យនោះឯង និគ្រណ្ឋទាំងឡាយ
ID: 636830112476270846
ទៅកាន់ទំព័រ៖