ព្រះត្រៃបិដក ភាគ ០៧
ព្រះបន្ទូលរបស់ព្រះអង្គពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់ ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ឬទ្រោលប្រទីបប្រេងបំភ្លឺ ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងឃើញរូបទាំងឡាយបាន មានឧបមាយ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយ ដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផងថា ជាទីរលឹក សូមព្រះដ៏មានព្រះភាគ ចាំទុកនូវយើងខ្ញុំទាំងឡាយថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ថាជាទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម។ វេលានោះ មេណ្ឌកគហបតិ បានអង្គាសខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះមេណ្ឌកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់ក្នុងក្រុងភទ្ទិយៈដរាបណា ខ្ញុំព្រះអង្គនឹងផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តដែលត្រូវថ្វាយជានិច្ចដរាបនោះ។
ID: 636830118652584111
ទៅកាន់ទំព័រ៖