ព្រះត្រៃបិដក ភាគ ០៧
ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគោរស៥ គឺទឹកដោះស្រស់១ ទឹកដោះជូរ១ ខ្លាញ់១ ទឹកដោះខាប់១ ទឹកដោះថ្លា១។ ម្នាលភិក្ខុទាំងឡាយ មានផ្លូវកន្តារ ដែលមានទឹកតិច មានភក្សាហារតិច ដែលអ្នកគ្មានស្បៀង មិនអាចនឹងទៅបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុស្វែងរកស្បៀងបាន គឺភិក្ខុត្រូវការអង្ករ ស្វែងរកអង្ករបាន ត្រូវការសណ្តែកបាយ ស្វែងរកសណ្តែកបាយបាន ត្រូវការសណ្តែករាជមាស ស្វែងរកសណ្តែករាជមាសបាន ត្រូវការអំបិល ស្វែងរកអំបិលបាន ត្រូវការស្ករអំពៅ ស្វែងរកស្ករអំពៅបាន ត្រូវការប្រេង ស្វែងរកប្រេងបាន ត្រូវការទឹកដោះថ្លា ស្វែងរកទឹកដោះថ្លាបាន។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានសទ្ធាជ្រះថ្លា មនុស្សទាំងនោះទុកដាក់មាស និងប្រាក់ ក្នុងដៃកប្បិយការកៈទាំងឡាយ ដោយពាក្យថា របស់ណាគួរដល់លោកម្ចាស់ ចូរអ្នកទាំងឡាយ ប្រគេនរបស់នោះ ដោយមាស និងប្រាក់នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុត្រេកអរ ចំពោះវត្ថុជាកប្បិយៈ (ដែលកើត) អំពីមាស និងប្រាក់នោះបាន ម្នាលភិក្ខុទាំងឡាយ តែតថាគតមិនពោលថា ត្រូវអ្នកត្រេកអរ ត្រូវអ្នកស្វែងរកមាសនិងប្រាក់ដូច្នេះ ដោយបរិយាយនីមួយឡើយ។
ID: 636830119957008720
ទៅកាន់ទំព័រ៖