ព្រះត្រៃបិដក ភាគ ០៧
បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទីដែលគ្មានស្មៅស្រស់ ឬជះចោលទៅក្នុងទឹកដែលគ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍សម្រាប់ផ្ទេរបាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បីបោសច្រាសរោងភត្ត ភិក្ខុណាឃើញក្អមដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹកប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះគួរដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការបោយដៃ មកឲ្យដំកល់ទុក តែកុំឲ្យបញ្ចេញវាចាព្រោះបច្ច័យនោះឡើយ យ៉ាងនេះឯង ទើបយើងទាំងអស់គ្នាព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សាក៏ស្រួលផង មិនបានលំបាកដោយអាហារបិណ្ឌបាតផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយឆ្លងគ្នានឹងគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតអំពីស្រុកមុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតអំពីស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា
ID: 636829992337229286
ទៅកាន់ទំព័រ៖