ព្រះត្រៃបិដក ភាគ ៧០
[៨៩] អរហត្តមគ្គមានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល តើការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល មានលក្ខណៈប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យជាកិច្ចកណ្ដាល មានលក្ខណៈ ៣ យ៉ាងគឺ ចិត្តដែលស្អាតរមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលដើរឆ្ពោះទៅរកសមថៈ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹងផ្ទៀងផ្ទាត់ គឺត្រង់ដែលចិត្តស្អាតសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ចិត្តដែលដើរឆ្ពោះ ទៅរកសមថៈសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀងផ្ទាត់ ១ ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអត្រង់កណ្ដាលផង បរិបូណ៌ដោយលក្ខណៈផង។
[៩០] អរហត្តមគ្គ មានការរីករាយព្រម ជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មាន។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាងគឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតហើយ ក្នុងអរហត្តមគ្គនោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រមដោយអត្ថថា សេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រម ជាខាងចុង របស់អរហត្តមគ្គ នេះឯង ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង
ID: 637362142828173137
ទៅកាន់ទំព័រ៖