ព្រះត្រៃបិដក ភាគ ៧០
[៩២] ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាអារម្មណ៍នៃចិត្តមួយផង ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាមិនប្រាកដផង តើដូចម្ដេច ចិត្តមិនដល់នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេស ១។ ប្រៀបដូចដើមឈើដែលគេដាំលើភូមិភាគរាបស្មើ បុរសអារដើមឈើនោះដោយរណារ ស្មារតីរបស់បុរសរមែងតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង បុរសរមែងញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេសផង ឯការចូលទៅជិតចងនិមិត្តទុកដូចដើមឈើដែលគេដាំ លើភូមិភាគដ៏រាបស្មើ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ទុកដូចធ្មេញរណារ ភិក្ខុតម្កល់ទុកស្មារតី ត្រង់ចុងច្រមុះ ឬទ្វារមាត់ ហើយអង្គុយមិនធ្វើទុកក្នុងចិត្តនូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ទាំងដែលមក ទាំងដែលទៅ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ដែលមកក្ដី ដែលទៅក្ដី
ID: 637362143470131255
ទៅកាន់ទំព័រ៖