ព្រះត្រៃបិដក ភាគ ៧០

ភាវនា ដោយ​អត្ថ​ថា​សេព​ ១ នេះឯង អត្ថ​របស់​ភាវនា ៤ យ៉ាងដែល​គេ​ធ្វើឲ្យ​ដូចជា​យាន ធ្វើឲ្យ​ដូចជា​វត្ថុជា​ទីតាំង ឲ្យ​តាំង​ឡើង​រឿយ​ ៗ សន្សំ​ហើយ ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ​ហើយ។
 ពាក្យ​ថា ធ្វើឲ្យ​ដូចជា​យាន សេចក្ដី​ថា ភិក្ខុ​ប៉ុនប៉ង​ធម៌​ណា ៗ រមែង​ជា​អ្នក​ដល់​នូវ​ការ​ស្ទាត់ជំនាញ ដល់​នូវ​កម្លាំង ដល់​នូវ​សេចក្ដី​ក្លៀវក្លា​ក្នុង​ធម៌​នោះ​ ៗ ធម៌​ទាំងឡាយ​នោះ ៗ របស់​ភិក្ខុ​នោះ រមែង​ជាប់​ចំពោះ​ដោយ​ការ​នឹករំពឹង​ ជាប់​ចំពោះ​ដោយ​ការប៉ុនប៉ង​ជាប់​ចំពោះ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ជាប់​ចំពោះ​ដោយ​ការ​កើតឡើង​នៃ​ចិត្ត ហេតុ​នោះ លោក​ទើប​ពោល​ថា ធ្វើឲ្យ​ដូចជា​យាន។
 ពាក្យ​ថា ធ្វើឲ្យ​ដូចជា​វត្ថុជា​ទីតាំង សេចក្ដី​ថា​ ចិត្ត​ដែល​ភិក្ខុ​អធិដ្ឋាន​ល្អ​ចំពោះ​វត្ថុ​ណា ៗ ស្មារតី​រមែង​តម្កល់​ស៊ប់​ចំពោះ​វត្ថុ​នោះ ៗ ឬក៏​ស្មារតី​តម្កល់​ស៊ប់ ចំពោះ​វត្ថុ​ណាៗ ចិត្ត ភិក្ខុ​នោះ​ក៏​អធិដ្ឋាន​ល្អ​ក្នុង​វត្ថុ​នោះ​ ៗ ហេតុ​នោះ លោក​ទើប​ពោល​ថា ធ្វើឲ្យ​ដូចជា​វត្ថុជា​ទីតាំង។
 ពាក្យ​ថា ឲ្យ​តាំង​ឡើង​រឿយ ៗ សេចក្ដី​ថា ចិត្ត​ឱន​ទៅ​ក្នុង​ធម៌​ណា ៗ ស្មារតី ក៏​ប្រព្រឹត្តទៅ​ក្នុង​ធម៌​នោះ ៗ ឬក៏ ស្មារតី​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ណា ៗ ចិត្ត​ភិក្ខុ​នោះ​ក៏​ឱន​ទៅ​ក្នុង​ធម៌​នោះ ៗ ហេតុ​នោះ លោក​ទើប​ពោល​ថា ឲ្យ​តាំង​ឡើង​រឿយ ៗ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637362144704196891
ទៅកាន់ទំព័រ៖