ព្រះត្រៃបិដក ភាគ ៧០
ពាក្យថា សេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការស្ងប់ក៏មាន ការស្ងប់ប្រពៃក៏មាន។ ការស្ងប់ តើដូចម្ដេច។ ពួកពោធិបក្ខិយធម៌ណាដែលកើតក្នុងភាវនានោះ ជាធម៌មិនមានទោស ជាកុសល នេះឈ្មោះថា ការស្ងប់។ ការស្ងប់ប្រពៃ តើដូចម្ដេច។ អារម្មណ៍គឺការរំលត់ ការរំងាប់នូវពួកធម៌នោះ ឯណា នេះឈ្មោះថាការស្ងប់ប្រពៃ។ ឯការស្ងប់ និងការស្ងប់ប្រពៃនេះ ព្រះអរិយៈទាំងឡាយដឹងហើយ ឃើញហើយ ជ្រាបច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ព្យាយាមដ៏មិនថោកថយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ស្មារតីដែលលោកតម្កល់មាំហើយ រមែងមិនវង្វេងភ្លេច កាយដែលស្ងប់ហើយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ចិត្តដែលតម្កល់មាំហើយ រមែងមានអារម្មណ៍តែមួយ ហេតុនោះ លោកទើបពោលថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយប្រការដូច្នេះឯង។
ID: 637362145340685563
ទៅកាន់ទំព័រ៖