ព្រះត្រៃបិដក ភាគ ៧០

 សំនួរ​ត្រង់​ពាក្យ​ថា ព្រះពុទ្ធ តើ​ព្រះពុទ្ធ​ ដោយ​អត្ថ​ថា​ដូចម្ដេច។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំងឡាយ​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះ​អង្គ​ញ៉ាំង​ព​ពួក​សត្វ​ឲ្យ​ត្រាស់​ដឹង ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹងសព្វ​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ទ្រង់​ឃើញសព្វ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ឥតមាន​បុគ្គល​ដទៃ​ណែនាំ​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​មានការ​រឭក​ដោយ​វិសេស ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​គេ​អាច​រាប់​ថា​ ព្រះអង្គ​មាន​អាសវៈ​អស់ហើយ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​គេ​អាច​រាប់​ថា​ព្រះអង្គ​មិន​មាន​ឧបក្កិលេស​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ប្រាសចាក​រាគៈ​ដោយ​ដាច់ខាត ឈ្មោះថា​ព្រះពុទ្ធ​ ព្រោះ​ហេតុ​ព្រះអង្គ​ប្រាសចាក​ទោសៈ​ដោយ​ដាច់ខាត ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ប្រាសចាក​មោហៈ​ដោយ​ដាច់ខាត​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​មិន​មាន​កិលេស​ដោយ​ដាច់ខាត ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ទ្រង់​ស្ដេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​តែម្នាក់ឯង ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិ​ដ៏​ប្រសើរ​ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ការបាន​ចំពោះ​នូវ​បញ្ញា ដោយហេតុ​ព្រះអង្គ​កម្ចាត់​ចោល​នូវ​ធម្មជាតិ​ផ្ទុយ​នឹង​ប្រាជ្ញា​ចេញ។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637362146307217451
ទៅកាន់ទំព័រ៖