ព្រះត្រៃបិដក ភាគ ៧០
ភិក្ខុដកចេញ នូវដង្ហើមចេញវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចូល នូវដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពី ដង្ហើមចេញ ឬដង្ហើមចូលវែង ឧបេក្ខាក៏តាំងនៅស៊ប់ នេះកាយគឺដង្ហើមចេញ និងដង្ហើមចូលវែង ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា អនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ សតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ភិក្ខុពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ID: 637362292201243654
ទៅកាន់ទំព័រ៖