ព្រះត្រៃបិដក ភាគ ៧០
[៩៩] សំនួរត្រង់ពាក្យថា ភិក្ខុពិចារណាឃើញ តើភិក្ខុពិចារណាឃើញនូវកាយនោះ ដូចម្ដេច។ ភិក្ខុពិចារណាឃើញថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថា ជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាខ្លួនទេ (តមក) តែងនឿយណាយ មិនមែនរីករាយទេ តែងជិនឆ្អន់ មិនមែនត្រេកត្រអាលទេ តែងរំលត់ បង់ មិនមែនឲ្យកើតទេ តែងរលាស់ចោល មិនមែនកួចកាន់ទេ ភិក្ខុកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលពិចារណាឃើញថាមិនមែនខ្លួន រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលជិនឆ្អន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវហេតុជាគ្រឿងឲ្យកើត កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់ ភិក្ខុពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។
ID: 637362292475028759
ទៅកាន់ទំព័រ៖