ព្រះត្រៃបិដក ភាគ ៧០
ការកើតឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនាព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវេទនា ក៏ប្រាកដឡើង ការកើតឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។
ការតាំងឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។
ID: 637362293158711345
ទៅកាន់ទំព័រ៖