ព្រះត្រៃបិដក ភាគ ៧០
ការកើតឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃសញ្ញា រមែងប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញាព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃសញ្ញា រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃសញ្ញា រមែងប្រាកដ ការកើតឡើងនៃសញ្ញា រមែងប្រាកដ យ៉ាងនេះឯង។
ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ យ៉ាងនេះឯង។
ID: 637362293814889647
ទៅកាន់ទំព័រ៖