ព្រះត្រៃបិដក ភាគ ៧០
ការកើតឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថាការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវិតក្កៈ រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃសញ្ញា កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។
ការតាំងឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។
ID: 637362294453879145
ទៅកាន់ទំព័រ៖