ព្រះត្រៃបិដក ភាគ ៧០

ដោយ​អត្ថ​ថា​ស្ងប់​ ប្រមូល​មក​នូវ​ឆន្ទៈ ដោយ​អត្ថ​ថា​ជា​ឫសគល់ ប្រមូល​មក​នូវ​មនសិ​កា​រៈ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម​ ប្រមូល​មក​នូវ​ផស្សៈ ដោយ​អត្ថ​ថា​ប្រមូល​មក (នូវ​អារម្មណ៍​) ប្រមូល​មក​នូវ​វេទនា​ ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ប្រមូល​មក​នូវ​សមាធិ ដោយ​អត្ថ​ថា​ជា​ប្រធាន ប្រមូល​មក​នូវ​សតិ​ ដោយ​អត្ថ​ថា​ជាធំ ប្រមូល​មក​នូវ​សតិសម្បជញ្ញៈ ដោយ​អត្ថ​ថា ប្រសើរ​ជាង​ធម៌​នោះ ប្រមូល​មក​នូវ​វិមុត្តិ​ ដោយ​អត្ថ​ថា​ជា​ខ្លឹម ប្រមូល​មក​នូវ​និព្វាន ឈ្មោះ​អមតៈ (ជាទី​ពឹង​របស់​សត្វ​) ដោយ​អត្ថ​ថា​ទីបំផុត (នៃ​កិច្ច​ក្នុង​សាសនា​) បុគ្គល​នេះ ឈ្មោះថា​ប្រមូល​មក​នូវ​ធម៌​ទាំងឡាយ​នេះ​ ទុក​ក្នុង​អារម្មណ៍​នេះ ហេតុ​នោះ លោក​ពោល​ថា ប្រមូល​មក​នូវ​ធម៌​ទាំងឡាយ ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា រមែង​ដឹង​ច្បាស់​នូវ​គោចរ សេចក្ដី​ថា​ បុគ្គល​តែង​ដឹង​ច្បាស់​ថា ធម្មជាត​ណា​ជា​អារម្មណ៍​នៃ​ចិត្ត​នោះ ធម្មជាត​នោះ​ជា​គោចរ​នៃ​ចិត្ត​នោះ​ ធម្មជាត​ណា​ជា​គោចរ​នៃ​ចិត្ត​នោះ ធម្មជាត​នោះ​ជា​អារម្មណ៍​នៃ​ចិត្ត​នោះ ព្រោះហេតុនោះ​ ការ​ដឹង​ច្បាស់ ឈ្មោះថា​បញ្ញា។
 ពាក្យ​ថា ការ​ស្ងប់ គឺ​ការ​តម្កល់ទុក​នូវ​អារម្មណ៍​ ឈ្មោះថា​ការ​ស្ងប់ ការ​មិន​រាយមាយ​នៃ​ចិត្ត ឈ្មោះថា​ការ​ស្ងប់ ការ​អធិដ្ឋាន​ចិត្ត​ ឈ្មោះថា​ការ​ស្ងប់ ការ​ផូរផង់​នៃ​ចិត្ត​ឈ្មោះថា​ការ​ស្ងប់។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637362296949983702
ទៅកាន់ទំព័រ៖