ព្រះត្រៃបិដក ភាគ ៧០
កាលបុគ្គលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាយទាំងឡាយនោះដែលបុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង កាយគឺដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
[១១៣] ពាក្យថា ពិចារណាឃើញ។បេ។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលនៃបុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា
ID: 637362300078200792
ទៅកាន់ទំព័រ៖