ព្រះត្រៃបិដក ភាគ ៧០
បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង រមែងប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។
[១១៤] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។
កាយសង្ខារ តើដូចម្ដេច។ ពួកខ្យល់ដង្ហើមចេញវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាបនូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចូលវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចេញខ្លី ដង្ហើមចូលខ្លី ឬដង្ហើមចេញ សម្រាប់បុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា
ID: 637362300717189821
ទៅកាន់ទំព័រ៖