ព្រះត្រៃបិដក ភាគ ៧០
កាយឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា។
[១១៥] សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើបុគ្គលពិចារណាឃើញនូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ការដកដង្ហើមចេញ និងដកដង្ហើមចូល របស់បុគ្គល កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងឃើញនូវសិក្ខាទាំង ៣ នេះ ឈ្មោះថា សិក្សា។បេ។
ID: 637362301965007673
ទៅកាន់ទំព័រ៖