ព្រះត្រៃបិដក ភាគ ៧០

បីតិ​នោះ​ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ វេទនា ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​អ្នក​កំណត់​ដឹង​នូវ​បីតិ​នោះ​ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ វេទនា​ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ​ ចំណែកខាង​សតិ ទើប​ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង យ៉ាងនេះ​ឯង បុគ្គល​រមែង​ពិចារណា​ឃើញ​នូវ​វេទនា​នោះ​ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ទើប​ពោល​ថា វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា។
 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​វេទនា​នោះ ដូចម្ដេច។បេ។ បុគ្គល​រមែង​ពិចារណា​ឃើញ​នូវ​វេទនា​នោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា​ សេព។ ខ្យល់​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​បីតិ​ ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​ នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​អ្នក​កំណត់​ដឹង​នូវ​បីតិ។បេ។ បុគ្គល​កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា​ បុគ្គល​រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637362303323465269
ទៅកាន់ទំព័រ៖