ព្រះត្រៃបិដក ភាគ ៧០

សញ្ញា និង​វេទនា​ជា​តួ​ចេតសិក​ ធម៌​ទាំង​នុ៎ះ ជាប់​ចំពោះ​ដោយចិត្ត ដោយអំណាច​នៃ​ដង្ហើមចេញ របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ​ ដោយអំណាច​នៃ​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ​ ឈ្មោះថា​ចិត្តសង្ខារ បុគ្គល​កាល​រម្ងាប់ រំលត់ បង្ក្រាប នូវ​ចិត្តសង្ខារ​ទាំងនោះ​ ឈ្មោះថា​សិក្សា វេទនា ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​កាល​រម្ងាប់​នូវ​ចិត្តសង្ខារ​ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ វេទនា ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ​ ចំណែកខាង​សតិ ទើប​ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​រមែង​ពិចារណា​ឃើញ​នូវ​វេទនា​នោះ​ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា។
 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​វេទនា​នោះ ដូចម្ដេច។បេ។ បុគ្គល​រមែង​ពិចារណា​ឃើញ​នូវ​វេទនា​នោះ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637362305751435494
ទៅកាន់ទំព័រ៖