ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ចិត្ត​នោះ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ ចិត្ត​នោះ​ បុគ្គល​ដឹង​ច្បាស់​ហើយ យ៉ាងនេះ​ឯង វិញ្ញាណ​ចិត្ត ដោយអំណាច​នៃ​ដង្ហើមចេញ របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្ត​ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ ចិត្ត ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ​ ចំណែកខាង​សតិ ទើប​ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ​ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា។
 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ​ ដូចម្ដេច។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា​ ដោយ​អត្ថ​ថា​សេព។ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្ត​ ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្ត។បេ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637362306905491203
ទៅកាន់ទំព័រ៖