ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​កាល​ដឹង​ច្បាស់​ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១២១​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង ទើប​ដកដង្ហើម​ចូល​ តើ​ដូចម្ដេច។
 សេចក្ដីរីករាយ​ខ្លាំង​នៃ​ចិត្ត តើ​ដូចម្ដេច។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង សេចក្ដីរីករាយ​ខ្លាំង​នៃ​ចិត្ត បាន​ដល់​ការ​រីករាយ​ទួទៅ​ ការ​រីករាយ​ខ្លាំង ការ​ត្រេកអរ ការ​ត្រេកអរ​ខ្លាំង ភាព​នៃ​ចិត្ត​ខ្ពស់ ភាព​នៃ​ចិត្ត​សប្បាយ​ ក៏​កើតឡើង កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចូល​វែង សេចក្ដីរីករាយ​ខ្លាំង​នៃ​ចិត្ត បាន​ដល់​ការ​រីករាយ​ទួទៅ​ ការ​រីករាយ​ខ្លាំង ការ​ត្រេកអរ ការ​ត្រេកអរ​ខ្លាំង ភាព​នៃ​ចិត្ត​ខ្ពស់ ភាព​នៃ​ចិត្ត​សប្បាយ​ ក៏​កើតឡើង។បេ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637362307283040601
ទៅកាន់ទំព័រ៖