ព្រះត្រៃបិដក ភាគ ៧០
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលតម្កល់ទុកក្នុងចិត្ត ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់ទុកនូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។
[១២៣] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលសិក្សាថា អាត្មាអញ កាលចិត្តញ៉ាំងឲ្យរួចចាករាគៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាករាគៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្ត ឲ្យរួចចាកទោសៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកទោសៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចូល។បេ។
ID: 637362308661187724
ទៅកាន់ទំព័រ៖