ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល​របស់​បុគ្គល កាល​ញ៉ាំង​ចិត្ត​ឲ្យ​រួច។បេ។ បុគ្គល​កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា​ បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។ អនុបស្សនា​ញាណ ៨ ឧប​ដ្ឋានា​នុស្ស​តិ ៨ និង​សុ​ត្ត​ន្តិ​កវត្ថុ​ ៤ (រមែង​មាន​) ក្នុង​ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា។
 [១២៤​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ ថា​មិន​ទៀង ទើប​ដកដង្ហើម​ចេញ សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ ថា​មិន​ទៀង ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
 សំនួរ​ត្រង់​ពាក្យ​ថា មិន​ទៀង តើ​អ្វី​មិន​ទៀង។ ខន្ធ​ទាំង ៥ មិន​ទៀង។ ខន្ធ​ទាំង ៥ មិន​ទៀង ដោយ​អត្ថ​ដូចម្ដេច។ មិន​ទៀង ដោយ​អត្ថ​ថា​កើតឡើង​ហើយ​សូន្យ​ទៅវិញ។ បុគ្គល​កាល​ឃើញ​នូវ​ការ​កើតឡើង​នៃ​ខន្ធ ៥ រមែង​ឃើញ​នូវ​លក្ខណៈ​ប៉ុន្មាន​យ៉ាង កាល​ឃើញ​នូវ​ការ​សូន្យ​ រមែង​ឃើញ​នូវ​លក្ខណៈ​ប៉ុន្មាន​យ៉ាង កាល​ឃើញ​នូវ​ការ​កើតឡើង និង​ការ​សូន្យ រមែង​ឃើញ​នូវ​លក្ខណៈ​ប៉ុន្មាន​យ៉ាង។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637362309428005843
ទៅកាន់ទំព័រ៖