ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​កាល​ដឹង​ច្បាស់​ ឈ្មោះថា​ប្រមូល​មក នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១២៩​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ នូវ​ការ​រលាស់​ចេញ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ ជា​អ្នក​ពិចារណា​ឃើញ នូវ​ការ​រលាស់​ចេញ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។ ការ​រលាស់​ចេញ​មាន ២ យ៉ាង គឺ​ការ​រលាស់​ចេញ គឺ​ការ​លះបង់ (បរិច្ចាគ​ប្ប​ដិ​និ​ស្ស​គ្គៈ​) ១ ការ​រលាស់​ចេញ​គឺ​ការ​ស្ទុះ​ទៅ​ (បក្ខ​ន្ទ​នប្ប​ដិ​និ​ស្ស​គ្គៈ​) ១។ ធម៌​ណា​លះ​ស្រឡះ​នូវ​រូប ធម៌​នោះ ឈ្មោះថា​ការ​រលាស់​ចេញ​គឺ​ ការ​លះបង់ ចិត្ត​ស្ទុះ​ទៅ​ក្នុង​ព្រះនិព្វាន ជាទី​រលត់​នៃ​រូប ឈ្មោះថា​ការ​រលាស់​ចេញ​គឺ​ការ​ស្ទុះ​ទៅ។ បុគ្គល​សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​រូប​ចេញ ទើប​ដកដង្ហើម​ចេញ​ សិក្សា​ថា អាត្មាអញ ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​រូប​ចេញ ទើប​ដកដង្ហើម​ចូល​ ធម៌​ណា​លះ​ស្រឡះ​នូវ​វេទនា នូវ​សញ្ញា នូវ​សង្ខារ នូវ​វិញ្ញាណ នូវ​ចក្ខុ។បេ។
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637362313257876379
ទៅកាន់ទំព័រ៖