ព្រះត្រៃបិដក ភាគ ៧០

 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ​ តើ​ពិចារណា​ឃើញ​នូវ​ធម៌​ទាំងនោះ ដូចម្ដេច។ បុគ្គល​ពិចារណា​ឃើញ​ ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ។បេ។ រលាស់​ចេញ មិនមែន​កាន់​យក​ទេ បុគ្គល​កាល​ពិចារណា​ឃើញ​ ថា​មិន​ទៀង រមែង​លះបង់​នូវ​និច្ច​សញ្ញា (ការ​សម្គាល់ថា​ទៀង​)។បេ។ បុគ្គល​កាល​រលាស់​ចេញ​ ឈ្មោះថា​លះបង់​នូវ​សេចក្ដី​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​នូវ​ធម៌​ទាំងនោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង ឈ្មោះថា​ភាវនា​ ដោយ​អត្ថ​ថា​មិន​កន្លង នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ។បេ។ ឈ្មោះថា​ភាវនា​ដោយ​អត្ថ​ថា សេព។ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ​ ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម ឈ្មោះថា​ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រាយមាយ​ ឈ្មោះថា​ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ អត្ថ​ថា​សង្រួម​ក្នុង​ធម៌​នោះ ឯណា​ នេះ​ឈ្មោះថា​អធិសីល​សិក្ខា អត្ថ​ថា​មិន​រាយមាយ​ក្នុង​ធម៌​នោះ ឯណា នេះ​ឈ្មោះថា​អធិចិត្ត​សិក្ខា​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637362313900616315
ទៅកាន់ទំព័រ៖